
អង្គកឋិនទានរបស់ថ្នាក់ដឹកនាំខេត្តក្រចេះប្រមូលថវិកាបានជាង៤០លានរៀលដង្ហែចូលពុទ្ធសីមាវត្តឧត្តមសាមគ្គី
ខេត្តក្រចេះ ៖ នាព្រឹក ថ្ងៃសុក្រ ១៤កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្តក្រចេះ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេសព្រមទាំងពុទ្ធបរិស័កជិតឆ្ងាយទាំងអស់បានដង្ហែអង្គកឋិនទានសាមគ្គីដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ និងវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពទ្ធសីមា វត្តឧត្តមសាមគ្គី ស្ថិតក្នុងភូមិវាលកន្សែង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។
ដោយបច្ចុប្បន្ន ប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទមានឱកាសបានធ្វើបុណ្យទានទៅតាមទំនៀមទម្លាប់ប្រពៃណី និងជំនឿសាសនារៀងៗខ្លួន។ បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយ ដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្ដិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។
អង្គកឋិនទានមហាសាមគ្គីកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធិបរិស័ទជិតឆ្ងាយ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងពុទ្ធបរិស័ទបានប្រមូលបច្ច័យបានសរុបចំនួន៤៤.០០០.០០០រៀល សម្រាប់ប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលមួយត្រីមាសដើម្បីយកទៅចាត់ចែងកសាងសមិទ្ធផលនានា ក្នុងវត្ត និងតម្រូវការតាមពុទ្ធអនុញ្ញាត៕