
ទឹកស្ទឹងព្រែកត្នោតភាគខាងលើបានធូរស្រាលហើយ
ភ្នំពេញៈស្ថានភាពទឹកស្ទឹងព្រែកត្នោតនៅក្នុងខេត្តកំពង់ស្ពឺមានសភាពធូរស្រាលដោយទឹកបានស្រកចុះជាលំដាប់។ឯនៅទំនប់៧មករាមិនទាន់ស្រកតែស្ថិត នៅក្នុងស្ថានភាពគ្រប់គ្រងបាន។
មន្ត្រីធនធានទឹកបានរាយការណ៍ពីខេត្តកំពង់ស្ពឺមកថាៈទឹកស្ទឹងពាមឃ្លៃបានស្រកចុះប្រហែលកន្លះម៉ែត្រហើយ។ចាប់តាំងពីយប់មកដល់ព្រឹកនេះ(១៥តុលា)នៅទ្វារទឹករលាំងជ្រៃពីព្រឹកមកដល់ម៉ោង១០នេះទឹកបានស្រក៤ហ៊ុន។នៅទីរួមខេត្តកំពង់ស្ពឺទឹកនៅនឹងនិងនៅទំនប់៧មករាទឹកមិនទាន់ស្រកទេតែទឹកស្ថិតនៅ ក្នុងស្ថានភាពគ្រប់គ្រងបាន។
លោកកៀងល័ក្ស អភិបាលរងខណ្ឌកំបូលបានឱ្យដឹងនៅ ថ្ងៃទី១៥ខែតុលាឆ្នាំ២០២០ថា ទឹកនៅសណ្តរស្ទឹងក្នុងសង្កាត់ប្រទះឡាងបានស្រកបន្តិច។តែមិនទាន់ផុតពីការគំរាមកំហែងនៅឡើយទេ។ទោះបីជាយ៉ាងណាក្រសួងធនធានទឹកនិងឧតុនិយមនៅតែបន្តពង្រឹកការ ការពារទំនប់សណ្តរ ស្ទឹងព្រែកត្នោតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនិងខេត្តកណ្តាល។ដោយបង្កើនកម្ពស់ទំនប់និងជួសជុលកន្លែងដែលធ្លុះធ្លាយ ជាពិសេនៅ ក្នុងសង្កាត់ប្រទះឡាងនិងសង្កាត់សាក់សំពៅ។
ទឹកស្ទឹងព្រែកត្នោតនៅទំនប់៧មករា ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមស្រកតិចតួចនៅរសៀលថ្ងៃនេះ បន្ទាប់ពីនៅភាគខាងលើស្រកជាលំដាប់និងមិនទាន់មានភ្លៀងថែមមកថ្មីក្នុងពីរបីថ្ងៃកន្លងទៅនេះ តែភ្លៀងធ្លាក់ច្រើនជាថ្មីជិតមកដល់ទៀតហើយ៕