
អាស់ស្ពាយបាននាំយកកូនត្រីអណ្ដែងជាង៤៥.០០០ក្បាលផ្ដល់ជូនកសិករ៣០គ្រួសារ
ព្រះវិហារ៖ពូជត្រីអណ្ដែងប្រមាណជាង៤៥.០០០ក្បាល និងចំណីត្រីមួយចំនួន នៃកម្មវីធី អាស់ស្ពាយ ត្រូវបាននាំយកទៅផ្ដល់ជូនកសិករ ៣០គ្រួសារ នៅឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។ដើម្បីជាការលើកទឹកចិត្ត និងជាទុនប្រកបរបរបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ខណៈស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ១៩នៅតែបន្ដអូសបន្លាយ។
កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធននឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា អាស់ស្ពាយ (ASPIRE) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ បាននាំយកនូវពូជកូនត្រីអណ្ដែង និងចំណីត្រី ជូនដល់ក្រុមកសិករបណ្ដុំ អាជីវកម្មចិញ្ចឹមត្រីចំនួន ៣០គ្រួសារ។
ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិថ្នល់បែកឃុំថ្មីស្រុកគូលែនខេត្តព្រះវិហារក្រោមការអញ្ជើញចូលរួមពីលោកគុយម៉ារីនឌីរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទលោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មខេត្តដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានមន្ដ្រីជំនាញនិងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មខេត្ត បានគូសបញ្ជាក់ថា គម្រោង ASPIRE ជា កម្មវិធីមួយ បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាល ផ្តល់បច្ចេកទេស ធនធាន ថវិកា សំភារៈដល់ពលរដ្ឋទាំងអស់អោយពួកគាត់មានមុខរបរដើម្បីបង្កើនផលិតផលនានាសំរាប់ផ្គត់ផ្គង់ទីផ្សានៅតាមតំបន់នានាអោយបានគ្រប់គ្រាន់។
ជាមួយនេះលោកគុយម៉ារីនឌីរដ្ឋលេខាធិការក្រសួងកសិកម្មបានជម្រុញលើកទឹកចិត្តដល់កសិករទាំងអស់បន្ទាប់ពីទទួលបានកូនត្រីទាំងនេះទៅហើយត្រូវខិតខំប្រឹងប្រែងពង្រីកនិងអភិវឌ្ឍន៍ការងារខ្លួនបន្ថែមទៀតដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារផ្គត់ផ្គង់ទីផ្សារក្នុងស្រុកកាត់បន្ថយការនាំចូលពីប្រទេសជិតខាង។
លោកបានបន្តថាៈដើម្បីសម្រេចគោលដៅលើការចិញ្ចឹមត្រីនេះកសិករផលិតត្រូវមានកិច្ចសហការល្អជាក្រុមបណ្តុំតាមមូលដ្ឋាននីមួយៗនិងត្រូវរៀបចំផែនការផលិតឱ្យស្របនិងតម្រូវការទីផ្សារ។ជាពិសេសត្រូវតែមានឆន្ទៈលើការចិញ្ចឹមនិងការថែទាំឱ្យបានត្រឹមត្រូវតាមការណែនាំនិងលក្ខណៈបច្ចេកទេស។សម្រាប់កសិករទាំង៣០គ្រួសារដែលចូលរួមក្នុងពេលនេះក្នុងមួយគ្រួសារទទួលបានពូជកូនត្រីអណ្ដែងចំនួន ១.៥០០ក្បាល ស្មើ ៦គីឡូក្រាម និងចំណីត្រីចំនួន ១៣គីឡូក្រាមស្មើៗគ្នា។
សូមបញ្ជាក់ថា វារីវប្បកម្មនៅខេត្តព្រះវិហារចែកចេញជាបីបែប គឺការចិញ្ចឹមត្រីក្នុងស្រះ ចិញ្ចឹមក្នុងតង់ប្លាស្ទិក,និងការចិញ្ចឹមក្នុងបែរ។ក្នុងនោះលោកថានៅទូទាំងខេត្តមានស្រះចិញ្ចឹមត្រីសរុបចំនួន ៤១៧ស្រះ គឺគាំទ្រដោយកម្មវិធី អាស់ស្ពាយ, ចិញ្ចឹមត្រីក្នុងបែរមានចំនួន ៦បែរ, ចិញ្ចឹមត្រីក្នុងតង់ប្លាស្ទិកមានចំនួន៧១គ្រួសារ,។ចិញ្ចឹមកង្កែបក្នុងតង់ប្លាស្ទិកចំនួន៣១គ្រួសារព្រមទាំងមានកន្លែងបង្កាត់-ភ្ញាស់ពូជកង្កែបជាលក្ខណៈគ្រួសារចំនួន៤កន្លែង៕