ម៉ឹកសុផាន់ណារ៉េត ហៅឧកញ៉ាជ័យ ដឹកជញ្ជូនឈើចេញពីស្រុកសេសានខេត្តស្ទឹងត្រែងយ៉ាង​គគ្រឹកគគ្រេង

ម៉ឹកសុផាន់ណារ៉េត ហៅឧកញ៉ាជ័យ ដឹកជញ្ជូនឈើចេញពីស្រុកសេសានខេត្តស្ទឹងត្រែងយ៉ាង​គគ្រឹកគគ្រេង

ខេត្តស្ទឹងត្រែង: ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​តំបន់​ក្បែ​ង​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ បាន​ឲ្យ​ដឹងថា ទោះបី​នៅក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ អស់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​យ៉ាងណាក៏ដោយ ក៏​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នៅសល់​ឈើ​រាប់ម៉ឺន រាប់សែន​ម៉ែត្រគូប​សម្រាប់​ដឹកចេញទៅ​ស្រុក​យួនប្រភពពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា មួយរយៈ​ចុងក្រោយ​នេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ កំពុង​បង្កើន​សកម្មភាព​ដឹកជញ្ជូន​ឈើ​ពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ចេញទៅ​ស្រុក​យួន​តាម​ច្រកព្រំដែន​ត្រពាំង​ស្រែ ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ យ៉ាង​ពេញបន្ទុក​។ ការដែល​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត គឺមាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាច្រើន​ស្ថាប័ន​ក្នុង​ខេត្តស្ទឹងត្រែង និង​ខេត្តក្រចេះ​។

​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​និង​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ប្រើប្រាស់​រថយន្ត​ធុន​ធំ​ប្រភេទ​វ៉េ​អង និង​ប្រភេទ​យី​ឌុប​រាប់សិប​គ្រឿង​ពី​តំបន់​បាត​អាង​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។

ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំងនោះ​ត្រូវបាន​គេ​កាប់​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុងស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង ហើយ​ដឹក​ចូលទៅ​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី រួច​ប្រើប្រាស់​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តស្ទឹងត្រែង បានលើកឡើង​ថា​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ និង​មេការ​ឈ្មោះ សេង កំពុង​កៀងគរ​ប្រជាពលរដ្ឋ​ឲ្យ​ចូល​កាប់​ឈើ​ក្នុងព្រៃ​ការពារ ព្រៃ​អភិរក្ស ព្រៃ​សហគមន៍​ក្នុងស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង ហើយ​លក់​ឲ្យ​ក្រុមហ៊ុន​ដើម្បី​នាំ​ចេញទៅ​ស្រុក​យួន​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​សេ​សាន បាន​អំពាវនាវ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ទប់ស្កាត់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ជាបន្ទាន់​មុនពេល​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​សេសា​ន និង​ស្រុក​សៀម​ប៉ាង ត្រូវ​ប្រឈម​នឹង​សេចក្ដី​វិនាស​។ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្បែរ​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ បាន​លើកឡើងថា សូម្បី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ក៏​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ នោះដែរ​ព្រោះ​ដឹងថា​ឈ្មួញ​ជា​ឧ​ត្ត​ម​សេនីយ៍​យោធា​រូបនេះ​មាន​ខ្នងបង្អែក​រឹងមាំ​។ ដូច្នេះ​មានតែ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលជា​ប្រមុខ​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​ទើប​អាច​បញ្ឈប់​សកម្មភាព​បំផ្លាញ​ព្រៃឈើ​របស់​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ព្រោះ​មន្ត្រី​គណៈកម្មការ​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​មិន​ហ៊ាន​ប៉ះពាល់​មេ​ឈ្មួញ​ម្នាក់នេះ​ទាល់តែសោះ​៕