
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងកន្លែងផលិតក្រដាសពន្ធ កាតគ្រីម៉ូតូ-ឡាន លតាប័ត្រ ប័ណ្ណបើកបរម៉ូតូ
ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចចម្រុះបានចុះបង្ក្រាបទីតាំងកន្លែងផលិតក្រដាសពន្ធ កាតគ្រីម៉ូតូ-ឡាន លតាប័ត្រ ប័ណ្ណបើកបរម៉ូតូ ក្រដាសឈៀករថយន្តក្លែងក្លាយដ៏ធំមួយកន្លែងស្ថិតនៅផ្ទះលេខ ៧១A ផ្លូវលេខ០៩ សង្កាត់ព្រៃស ខណ្ឌដង្កោនានៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦នេះ ព្រមទាំងដកហូតវត្ថុតាងដ៏ច្រើនសន្ធឹកសន្ធាប់។
ប្រតិបត្តិការចុះបង្ក្រាបនេះមានកម្លាំងសមត្ថកិច្ចចម្រុះដឹកនាំដោយលោក ចែ សុង ព្រះរាជាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និង លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌ, លោកវរៈសេនីយ៍ទោ ជឹម ស៊ីថា អធិការប៉ូលិសខណ្ឌដង្កោ រួមសហការជាមួយមន្ត្រីគយនិងមន្ត្រីពន្ធដា សាខាខណ្ឌដង្កោបានចុះបង្ក្រាបកាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ ២០១៦ ដោយឃាត់ខ្លួនបានមនុស្ស ម្នាក់និងឆែកឆេររកឃើញសម្ភារៈនិងឧបករណ៍ផលិតមួយចំនួនធំ។
លោកវរៈសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានប្រាប់អ្នកសារព័ត៌មានថា មុននឹងឈានដល់ការបង្ក្រាបទីតាំងខាងលើនេះដំបូងលោកទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្បែរទីតាំងខាងលើថាមានមនុស្សចេញចូលច្រើន ហាក់មានអ្វីបង្ក្រប់នៅក្នុងនោះ។
ដូច្នេះលោកបានដាក់កម្លាំងតាមដានអស់រយៈពេលជិត៣ខែមកហើយ ទើបនៅល្ងាចថ្ងៃទី២៣ ម្សិលមិញនេះ មានបុរសម្នាក់ជាបុគ្គលិកដែលបម្រើការក្នុងទីតាំងខាងលើ បានជិះម៉ូតូដឹកសម្ភារៈមួយកាបូបស្ពាយចេញពីទីតាំងសង្ស័យ ដូច្នេះកម្លាំងលោកក៏បានជិះតាមនិងធ្វើការឃាត់ខ្លួនសួរនាំនៅចំណុចផ្លូវបឹងតាម៉ាត សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនសង្ស័យឈ្មោះ ហ៊ឺត ចិន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ៧១អា ផ្លូវលេខ៩ បុរីពិភពថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។
ជាក់ស្តែងរកឃើញពន្ធក្លែងក្លាយចំនួន ៦ មុខ រួមមានក្រដាសកលតាប័ត្រពន្ធផ្លូវ កលតាប័ត្រពន្ធគយ កាត់គ្រីម៉ូតូ កាតគ្រីឡាន និងក្រដាសឈៀករថយន្ត ប័ណ្ណបើកបរយានជំនិះ។
លោកអធិការបន្តថា ក្រោយពីឃាត់ខ្លួន និងឆែកឆេររកឃើញសម្ភារៈទាំងនេះលោកបានរាយការណ៍ជូនព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញនិង នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងប៉ូលិសជាតិ នឹងជាស្នងការប៉ូលិសរាជធានីភ្នំពេញ និងរាយការណ៍ជូនមន្ត្រីជំនាញ៣ដែលពាក់ព័ទ្ធគឺ មន្ត្រីគយ មន្ត្រីពន្ធដា និងមន្ត្រីសាធារណៈនិងដឹកជញ្ជូនរាជធានីភ្នំពេញ។
រួចបន្តធ្វើការឆែកឆេរទីតាំងផលិតរកឃើញសម្ភារៈចំនួន១៥មុខ ប៉ុន្តែមានតែ៦មុខទេដែលក្រុមសង្ស័យទាំងនោះយកទៅចែកចាយលក់ជូនបងប្អូនប្រជាពលរដ្ឋទូទាំងរាជធានី ខេត្ត ក្នុងតម្លៃទាប។
លោក ធៀម ថា ប្រធានសាខាគយខណ្ឌដង្កោបានលើកឡើងថា ពន្ធឡានមួយគ្រឿងតម្លៃរាប់ពាន់ដុល្លារ ហើយបើទីតាំងដែលបង្ក្រាបនាពេលនេះនៅបន្តអាជីវកម្មគឺ រដ្ឋបានបាត់បង់ចំណូលជាតិជាច្រើន ព្រោះដោយសារអាជីវកម្មនេះអាចធ្វើកលតាប័ត្រពន្ធគយលក់ជូនប្រជាពលរដ្ឋ។