បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង មានការ​ឃុបឃិត​ពី​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង

បទល្មើស​នេសាទ​ក្នុង​បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង មានការ​ឃុបឃិត​ពី​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង  មន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបរិបូរណ៍ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គឺជា​អ្នក​ឃុបឃិត​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​កើតឡើង​យ៉ាង​មហន្តរាយ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​ប្រភពពី​ប្រជា​នេសាទ​នៅ​ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​ក្នុង​មូលដ្ឋាន​ពួកគាត់ ហើយ​មាន​មន្ត្រី​ជំនាញ​ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​បង្ក្រាប​ឡើយ។ ចំណែក​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខ័ណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​បរិបូរណ៍ រាលដាល​កាន់តែខ្លាំង​ថែមទៀត​។ ចំណែក​ប្រភពពី​ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គិរី ខេត្តកំពង់ឆ្នាំង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មូលដ្ឋាន​ពួកគាត់​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កំពុង​រាលដាល​កាន់តែខ្លាំង​ជាង​មុន​ទៅទៀត​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា សូម្បីតែ​នៅក្នុង​ឡូត៍​តំបន់​អភិរក្ស​ក៏​មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឃុបឃិត​ឲ្យ​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ផងដែរ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​សប្បាយ​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​។ ប្រជាពលរដ្ឋ​បាន​រិះគន់ថា លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ក៏ដូចជា​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា មេ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង មិន​យកចិត្តទុកដាក់​បង្ក្រាប​និង​ទប់ស្កាត់​បទល្មើស​នេសាទ​ឲ្យ​ស្របតាម​បទបញ្ជា​លេខ​០០១ របស់​រាជរដ្ឋាភិបាល​នោះទេ​។ មន្ត្រីរាជការ​នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង បាន​លើកឡើងថា ចាប់តាំងពី​លោក លី ឡា ចូលកាន់​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង ជំនួស​លោក សោម ភិ​រុណ រួចមក​គឺ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ពុំមាន​ការថយចុះ​គួរ​ឲ្យ​កត់សម្គាល់​នោះទេ​។ ផ្ទុយទៅវិញ​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​នៅក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង ស្រុក​ជល​គិរី និង​ស្រុក​កំពង់ត្រឡាច កើតឡើង​កាន់តែ​ច្រើនជាង​មុន​ទៅទៀត​ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​ក្នុងស្រុក​ទាំង​៣​នេះ ក៏ដូចជា​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង គិតតែ​ពី​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​យ៉ាង​ក្រអឺតក្រទម​។ ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​បង្ក្រាប​បទល្មើស​នេសាទ​ក្នុង​តំបន់​បឹង​ទន្លេសាប នៃ​ខេត្តកំពង់ឆ្នាំង ប្រកបដោយ​ប្រសិទ្ធភាព​ពិតប្រាកដ​៕

ការិយាល័យនិពន្ធនាយកគេហទំព័រស្មីកំពង់ឆ្នាំងរក្សារសិទ្ធគ្រប់បែបយ៉ាងក្នុងការផ្សាយ៕