រដ្ឋមន្ត្រីវេងសាខុនមកកាន់ខេត្តនៅជាប់បឹងទន្លេសាបដែ​​លបានទទួលរងគ្រោះ​ដោយសារ​ជំនន់ទឹ​កភ្លៀង

ឈានចូលដល់ថ្ងៃទី៣ជាថ្ងៃចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីមកកាន់ខេត្តនៅជាប់បឹងទន្លេសាបដែលជាខេត្តបានទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀងកាលពីខែតុលាកន្លងមកដើម្បីពិនិត្យនិងតាមដានអំពីវឌ្ឍនភាពនៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅតាមតំបន់ដែលទទួលរងគ្រោះ។ នាព្រឹកថ្ងៃចន្ទ ៨កើត ខែមិគសិរ ឆ្នាំជូត ទោស័9ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកពូជស្រូវចំនួន ៨៣តោនជូនប្រជាកសិករចំនួន៨៣០គ្រួសារដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីឯកគង់គីមទេសរដ្ឋមន្រ្តីទទួលបន្ទុកជាអនុប្រធានគណកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលពិធីនេះបានប្រារព្វក្នុងបរិវេណវត្តសង់ឃ្លាំង ភូមិសង់ឃ្លាំង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ មានមតិសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនអង្គពិធីដោយសង្ខេបអំពីគ្រោះមហន្តរាយទឹកជំនន់កន្លងមកដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំខាន់ៗ បានលេបត្របាក់ផលិតកម្មដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន: របស់បងប្អូនប្រជា កសិករនៅតាមបណ្តាខេត្តមួយចំនួន។ ឆ្វេងយល់យ៉ាងច្បាស់អំពីទុក្ខលំបាករបស់បងប្អូនប្រជា កសិករ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញវិធានការចំបាច់ និងបន្ទាន់ឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះធ្វើអន្តរាគមន៍ជាបន្ទាន់ដើម្បីជួយស្តារផលិតកម្មដំណាំស្រូវជូនប្រជា កសិកររងគ្រោះឲ្យអស់សមត្ថភាព គ្រប់វិធីសាស្រ្ត គ្រប់មធ្យោបាយ ទាន់ពេលវេលា និងមាន ប្រសិទ្ធភាពខ្ពស់ ដោយមិនអនុញ្ញាតឲ្យបងប្អូនយើងណាម្នាក់ស្លាប់ដោយខ្វះស្បៀងឡើយ។ ទទូលបានបទបញ្ញាយ៉ាងម៉ឺងម៉ាត់របស់សម្តេចតេជោ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គនាយកដ្ឋានកសិកម្មជាសេនាធិការ បាននាំយកពូជស្រូវគិតមកទល់ថ្ងៃនេះចំនួន ៦ ៥៧៨តោន និង១៥០គីឡូក្រាម មកចែកជូនបងប្អូនប្រជាកសិករនៅតាមតំបន់គោលដៅ តាមរយ:គណកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ហើយជាក់ស្តែងថ្ងៃនេះពូជស្រូវចំនួន ៨៣តោន បានយកមកចែកជូនបងប្អូនប្រជាកសិករចំនួន ៨៣០គ្រួសារ នៅឃុំតាំងក្រសាំង ស្រុកសន្ទុក។
ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមចូលរួមចែករំលែកនូវទុក្ខលំបាកជាមួយបងប្អូនដែលផលដំណាំត្រូវបានបំផ្លាញដោយទឹកជំនន់ ហើយក៏បានផ្តល់កំលាំងចិត្តឲ្យបងប្អូនខិតខំស្តារផលិតកម្មកសិកម្មឡើងវិញ ព្រមជាមួយគ្នាក៏សូមចូលរួមអបអរសាទរចំពោះបងប្អូនដែលបានយកពូជស្រូវទៅព្រោះហើយកំពុងដុះលូតលាស់បានល្អ។ ភ្ជាប់ទៅនឹងសមិទ្ធផលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមទេសរដ្ឋមន្រ្តី គង់ គីម ឯកឧត្តម ថោង ខុង រដ្ឋមន្រ្តីក្រសួងទេសចរណ៍ឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្ត ឯកឧត្តម លោកជំទាវទាំងអស់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តចំពោះសកម្មភាពគ្រប់បែបយ៉ាងក្នុងឆន្ទ:ធ្វើយ៉ាងណាឲ្យកិច្ចអន្តរាគមន៍ស្តារផលិតកម្មកសិករសម្រេចទទួលបានជោគជ័យ។សរុបសេចក្តីមកក្នុងដំណើរបេសកកម្មរយ:ពេល៣ថ្ងៃរបស់ឯកឧត្តមរដ្ឋមន្រ្តីដើម្បីចុះមកវាយតម្លៃអំពីវឌ្ឍនភាពនៃការស្តារផលិតកម្មដំណាំស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករនៅតាមបណ្តាខេត្តគោលដៅលទ្ធផលជាក់ស្តែងបង្ហាញឲ្យឃើញថាទី១- ពូជស្រូវដែលបានយកទៅចែកជូនភាគច្រើនដំណុះគ្រាប់មានអត្រាខ្ពស់ ហើយស្រូវកំពុងដុះលូតលាស់បានល្អ ខ្លះកំពុងបូមទឹក បញ្ជូលស្រែ បាចជី និងបាញ់ថ្នាំការពារសត្វល្អិតចង្រៃ។ ទី២- ផ្ទៃដីខូចខាតជាង ៥០ភាគរយត្រូវបានស្តារឡើងវិញរួចរាល់។បើទោះបីនៅតំបន់ខ្លះសកម្មភាពស្តារឡើងវិញមានការយឺតយ៉ាងដោយសារទឹកស្រកចុះយឺតប៉ុន្តែដើម្បីជំនះនូវបញ្ហានេះមានបងប្អូនប្រជាកសិករខ្លះមិនរង់ចាំទឹកស្រកឡើយ បានបូមទឹកចេញពីស្រែដើម្បីងាយស្រួលព្រោះគ្រាប់ពូជ ហើយសង្ឃឹមថាផ្ទៃដីខូចខាតនឹងត្រូវបានស្តារឡើងវិញក្នុងពេលឆាប់ៗនេះ។ ទី៣-នៅខេត្តឧត្តរមានជ័យឯនោះវិញ បងប្អូនប្រជា កសិករកំពុងតែសប្បាយនឹងប្រមូលផលស្រូវលក់ ប៉ុន្តែខ្លះក៏កំពុងប្រឈមនឹងបញ្ហាខ្វះម៉ាស៊ីនច្រូតប្រមូលផលស្រូវពីស្រែផងដែរ។ ត្រឹមត្រូវណាស់តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោថា “ច្រូតស្រូវក្នុងទឹក ប្រសើរជាងគ្មានស្រូវច្រូត ខ្វះម៉ាស៊ីនច្រូត ប្រសើរជាងគ្មានស្រូវច្រូត”។ មានការងារជាច្រើនដែលក្រសួងត្រូវធ្វើ ហេតុនេះឯកឧត្តមរដ្ឋមន្រ្តីបានណែនាំឲ្យឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងមានតួនាទីទទួលបន្ទុកតាមបណ្តាខេត្តត្រូវបន្តចុះមកតាមការងារអន្តរាគមន៍ស្តារផលិតកម្មកសិកម្មឡើងវិញឲ្យបានជាប់ជាប្រចាំដោយឡែកអគ្គនាយកដ្ឋានកសិកម្មនិងមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្រូវចាត់មន្រ្តីចុះមកតាមដានលើការងារបច្ចេកទេស ជំងឺ និងសត្វល្អិត “រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាទទួលខុសត្រូវ ដើម្បីស្តារផលិតកមកសិកម្ម ធានាសុវត្ថិភាពស្បៀងជូនបងប្អូនប្រជាកសិករ”៕