មន្ទីរអប់រំខេត្តព្រះសីហនុអនុញ្ញាតឱ្យដំណើរការរៀន និងបង្រៀនឡើងវិញនៅសាលាបឋមសិក្សាជំពូខ្មៅ និងសាលា ហ៊ុន សែនរាម

ខេត្តព្រះសីហនុ ៖ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុបានចេញសេចក្តីជូនដំណឹងការអនុញ្ញាតឱ្យដំណើរការរៀន និងបង្រៀន នៅសាលាបឋមសិក្សាជំពូខ្មៅ និងសាលាបឋមសិក្សា ហ៊ុន សែនរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុដោយទទួលបានគោលការណ៍ឯកភាពពីក្រសួងអប់រំ យុវជន និងកីឡា និងរដ្ឋបាលខេត្តព្រះសីហនុ បន្ទាប់ពីព្រឹត្តិការណ៍ ០៣ វិច្ឆិកា ត្រូវបានបិទបញ្ចប់ មន្ទីរអប់រំ យុវជន និងកីឡាខេត្តសម្រេចអនុញ្ញាតឱ្យសាលាបឋមសិក្សា ជំពូខ្មៅ ស្ថិតក្នុងភូមិជំពូខ្មៅ ឃុំទួលទទឹង និងសាលាបឋមសិក្សា ហ៊ុន សែនរាម ស្ថិតក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ខេត្តព្រះសីហនុ ដំណើរការបង្រៀន និងរៀនឡើងវិញចាប់ពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២០។

គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវបន្តអនុវត្តស្តង់ដា (SOP) សម្រាប់ដំណើរការសាលារៀនឡើងវិញក្នុងបរិបទ កូវីដ-១៩ ដោយរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល ហើយត្រូវពាក់ម៉ាស់ការពារនៅក្នុងបរិវេណនៃគ្រឹះស្ថានសិក្សានីមួយៗ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលស្រុកព្រៃនប់ នាយក នាយិកា បុគ្គលិកអប់រំ មាតាបិតា អ្នកអាណាព្យាបាលសិស្សានុសិស្សគ្រប់រូប និងសាធារណៈជនជ្រាប និងសូមចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ ដោយ ៖ តឹង សុភាព