ខេត្ត២ ដែលចុះត្រជាក់ខ្លាំងជាងគេនៅព្រឹកនេះ ដែល​មាន​សីតុណ្ហភាពអប្បបរមា១៩អង្សារសេ

ភ្នំពេញ ៖ ខេត្តដែលចុះត្រជាក់​ខ្លាំងជាងគេនៅព្រឹកថ្ងៃទី១១វិច្ឆិកានេះ គឺខេត្ត​រតនគិរី និងមណ្ឌលគិរី ដែល​មាន​សីតុណ្ហភាពអប្បបរមា ១៩អង្សារសេ។ នេះបើយោងតាមការព្យាកររបស់​ក្រសួងធនធានទឹក និងឧតុនិយម។

បន្ទាប់មកគឺមានខេត្ត ឧត្តរមានជ័យ, សៀមរាប, ព្រះវិហារ, ស្ទឹងត្រែង, និង​ក្រចេះ ដែល​មានសីតុណ្ហភាព​អប្បបរមា ២២អង្សារសេ។ ដោយឡែក​រាជធានីភ្នំពេញ មានសីតុណ្ហភាពអប្បបរមា២៤អង្សារសេ។

យោងតាមសេចក្តីជូនដំណឹងរបស់​ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីអាកាសធាតុកម្ពុជាពីថ្ងៃទី១១ ដល់ ១៧វិច្ឆិកា ឱ្យដឹងថា ព្យុះ​ទី២២ ឈ្មោះ វ៉ាមកូ (VAMCO) នឹង​វិវត្តខ្លួនទៅជាព្យុះទីហ្វុង ហើយវានឹងធ្វើដំណើរ​ចូល​ដល់​ភាគ​កណ្តាល​វៀតណាម នៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយ​ឥទ្ធិពល​មកជាវិសម្ពាធ​ទាប មុននឹង​ថមថយ​មកជាសម្ពាធទាប​នៅលើភាគឦសាន​ប្រទេស​កម្ពុជា៕