មេឈ្មួញ ណុប ឌី ដែលល្បីខាងដឹកជញ្ជូនឈើចេញ ពីខេត្តពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ ប្រភពពីមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បច្ចុប្បន្នមេឈ្មួញ ណុប ឌី ដែលអាងមានខ្នងបង្អែករឹងមាំនៅតែបន្តសកម្មភាពដឹកជញ្ជូនចេញពីខេត្តពោធិ៍សាត់ យ៉ាងរាលដាល។ ប្រភពបានឲ្យដឹងទៀតថា កន្លងមកសមត្ថកិច្ចអាវុធហត្ថបង្ក្រាបបទល្មើសព្រៃឈើនៅក្នុងស្រុកវាលវែង និងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ជាបន្តបន្ទាប់ ក៏ប៉ុន្តែមេឈ្មួញ ណុប ឌី នៅតែហ៊ានធ្វើសកម្មភាពដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ចេញទៅស្រុកយួនតាមច្រកព្រំដែនក្នុងខេត្តតាកែវ និងខេត្តកំពត យ៉ាងរលូន។
ប្រភពខ្លះបានឲ្យដឹងថាមេឈ្មួញ ណុប ឌី ចំណាយលុយក្នុងមួយខែៗជាច្រើនម៉ឺនដុល្លារទើបអាចប្រមូលទិញឈើហើយដឹកជញ្ជូនឈើពីខេត្តពោធិ៍សាត់ ទៅដល់គោលដៅដោយគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានប៉ះពាល់ឡើយ។ សកម្មជនព្រៃឈើ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលក្នុងខេត្តពោធិ៍សាត់ បានឲ្យដឹងថា សព្វថ្ងៃនេះមេឈ្មួញ ណុប ឌី ប្រមូលទិញឈើនៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច និងនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ហើយដឹកជញ្ជូនចេញយ៉ាងរលូន។ ប្រភពបានឲ្យដឹងទៀតថា ឈើដែលមេឈ្មួញ ណុប ឌី ប្រមូលទិញដឹកជញ្ជូនចេញទៅស្រុកយួនមានដូចជា គ្រញូង ធ្នង់ បេង នាងនួន និងរាជកុលជាដើម ហើយប្រើប្រាស់រថយន្តធុនធំចំណុះរាប់សិបតោនយ៉ាងរលូន។
មន្ត្រីធំៗ និងសមត្ថកិច្ចច្រើនស្ថាប័នក្នុងខេត្តពោធិ៍សាត់ ត្រូវបានគេដឹងថាចាត់ទុកមេឈ្មួញ ណុប ឌី ជាប្រភពចំណូលរបស់ពួកគេ ហើយបើកដៃឲ្យឈ្មួញរូបនេះប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងគឃ្លើន។ ប្រភពដែលស្និទ្ធនឹងមេឈ្មួញ ណុប ឌី បានឲ្យដឹងថា ឈ្មួញរូបនេះមានមន្ត្រីធំៗក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ជាបង្អែកយ៉ាងរឹងមាំទើបគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាហ៊ានប៉ះពាល់ ហើយមានតែអ្នកឃុបឃិតជាមួយមេឈ្មួញ ណុប ឌី ដើម្បីផលប្រយោជន៍។ ដូច្នេះហើយទើបមេឈ្មួញ ណុប ឌី តែងគេចផុតពីការបង្ក្រាបរបស់សមត្ថកិច្ចអាវុធហត្ថ ក៏ដូចជាសមត្ថកិច្ចដទៃទៀត រួចបង្កើនសកម្មភាពដឹកជញ្ជូនឈើចេញទៅស្រុកយួនដោយគ្មានញញើតអ្វីទាំងអស់៕