ម៉ឹកសុផាន់ណារ៉េត ហៅឧកញ៉ាជ័យ ដឹកជញ្ជូនឈើចេញពីស្រុកសេសានខេត្តស្ទឹងត្រែងយ៉ាងគគ្រឹកគគ្រេង
ម៉ឹកសុផាន់ណារ៉េត ហៅឧកញ៉ាជ័យ ដឹកជញ្ជូនឈើចេញពីស្រុកសេសានខេត្តស្ទឹងត្រែងយ៉ាងគគ្រឹកគគ្រេង
ខេត្តស្ទឹងត្រែង: ប្រជាសហគមន៍ការពារព្រៃឈើនៅតំបន់ក្បែងបាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ បានឲ្យដឹងថា ទោះបីនៅក្នុងតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ អស់ឈើសម្រាប់កាប់ធ្វើអាជីវកម្មយ៉ាងណាក៏ដោយ ក៏មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នៅសល់ឈើរាប់ម៉ឺន រាប់សែនម៉ែត្រគូបសម្រាប់ដឹកចេញទៅស្រុកយួនប្រភពពីប្រជាពលរដ្ឋក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង បានឲ្យដឹងថា មួយរយៈចុងក្រោយនេះមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ កំពុងបង្កើនសកម្មភាពដឹកជញ្ជូនឈើពីតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម២ ចេញទៅស្រុកយួនតាមច្រកព្រំដែនត្រពាំងស្រែ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងពេញបន្ទុក។ ការដែលមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ អាចធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីបរិស្ថាន មន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័នក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលនិងសកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ប្រើប្រាស់រថយន្តធុនធំប្រភេទវ៉េអង និងប្រភេទយីឌុបរាប់សិបគ្រឿងពីតំបន់បាតអាងវារីអគ្គិសនីសេសានក្រោម២ ចេញទៅស្រុកយួនយ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា ឈើទាំងនោះត្រូវបានគេកាប់ក្នុងព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ហើយដឹកចូលទៅបរិវេណបាតអាងទំនប់វារីអគ្គិសនី រួចប្រើប្រាស់អាជ្ញាប័ណ្ណក្រុមហ៊ុន ដើម្បីដឹកជញ្ជូនឈើចេញទៅស្រុកយួនយ៉ាងរលូន។ សកម្មជនព្រៃឈើក្នុងខេត្តស្ទឹងត្រែង បានលើកឡើងថាមេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ និងមេការឈ្មោះ សេង កំពុងកៀងគរប្រជាពលរដ្ឋឲ្យចូលកាប់ឈើក្នុងព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ហើយលក់ឲ្យក្រុមហ៊ុនដើម្បីនាំចេញទៅស្រុកយួន។ ប្រជាពលរដ្ឋក្នុងស្រុកសេសាន បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ទប់ស្កាត់សកម្មភាពបំផ្លាញព្រៃឈើរបស់មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ជាបន្ទាន់មុនពេលព្រៃឈើដែលនៅសេសសល់ក្នុងស្រុកសេសាន និងស្រុកសៀមប៉ាង ត្រូវប្រឈមនឹងសេចក្ដីវិនាស។ ប្រជាសហគមន៍ការពារព្រៃឈើក្បែរទំនប់វារីអគ្គិសនីសេសានក្រោម២ បានលើកឡើងថា សូម្បីលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏មិនហ៊ានប៉ះពាល់មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ នោះដែរព្រោះដឹងថាឈ្មួញជាឧត្តមសេនីយ៍យោធារូបនេះមានខ្នងបង្អែករឹងមាំ។ ដូច្នេះមានតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រមុខរាជរដ្ឋាភិបាលប៉ុណ្ណោះទើបអាចបញ្ឈប់សកម្មភាពបំផ្លាញព្រៃឈើរបស់មេឈ្មួញ ម៉ឹក សុផាន់ណារ៉េត ហៅឧកញ៉ា ជ័យ ព្រោះមន្ត្រីគណៈកម្មការបង្ក្រាបនិងទប់ស្កាត់បទល្មើសបំផ្លាញព្រៃឈើមិនហ៊ានប៉ះពាល់មេឈ្មួញម្នាក់នេះទាល់តែសោះ៕