លទ្ធផលសំណាកលើកទី៤របស់សម្ដេចតេជោ,ភរិយារួមនិងអ្នកនៅជាមួយគឺអវិជ្ជមានកូវីដ១៩
ភ្នំពេញ៖នៅមុននេះបន្តិចនាព្រឹកទី១៨ខែវិច្ឆិកាឆ្នាំ២០២០សម្ដេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរនៅផេកផ្លូវការបញ្ជាក់អំពីលទ្ធផលសំណាករបស់សម្ដេច,រួមនិងក្រុមគ្រួសារគឺអវិជ្ជមានកូវីដ១៩។
សម្ដេចបានលើកឡើងយ៉ាងដូច្នេះថា៖”លទ្ធផលនៃការធ្វើតេស្តលើកទី៤ដែលជាលើកចុងក្រោយគឺល្អណាស់សម្រាប់ខ្ញុំនិងភរិយាព្រមទាំងអ្នកនៅជាមួយដែលបានបង្ហាញច្បាស់ថាអវិជ្ជមានកូវីដ-១៩ ពោលគឺពុំមានឆ្លងជំងឺដ៏កាចសាហាវនេះទេ។ដូចនេះចាប់ពីថ្ងៃស្អែក១៩វិច្ឆកា២០២០ខ្ញុំនឹងចេញទៅធ្វើការឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤វិច្ឆិកាឡើងវិញ។តែខ្ញុំនៅតែមិនទាន់ឱ្យកូននិងចៅរបស់ខ្ញុំមកផ្ទះរបស់ខ្ញុំមួយរយៈទៀតដើម្បីធានាឱ្យប្រាកដថាខ្ញុំគ្មានមេរោគចម្លងទៅកូននិងចៅរបស់ខ្ញុំនោះ
ឡើយ”។
“នេះជាក្តីស្រឡាញ់ដែលឪពុកនិងជីតាផ្តល់ឱ្យកូនៗនិងចៅៗគឺសុវត្ថិភាពរបស់កូនៗនិងចៅៗជាទីស្រឡាញ់។ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀតខ្ញុំអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលាដូចខាងក្រោម”៖
១.សម្រាប់ថ្ងៃ១៩វិច្ឆិកា២០២០មានរាជធានីភ្នំពេញចំនួន១.៥៦៩នាក់(មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់។ក្នុងនោះជាសះស្បើយម្នាក់និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ខេត្តកណ្តាលចំនួន៦៧នាក់ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។
២.សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់។
សូមរំលឹកចំពោះអាជ្ញាធរមូលដ្ឋានដែលមានបងប្អូនកំពុងធ្វើចត្តាឡីស័កដែលមិនទាន់ដល់ថ្ងៃត្រូវបញ្ចប់ត្រូវណែនាំឱ្យបងប្អូនឱ្យបន្តធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវបើមិនដូច្នេះទេនឹងត្រូវប្រឈមនឹងការតម្រូវឱ្យធ្វើចត្តាឡីស័ក១៤ថ្ងៃឡើងវិញព្រោះផ្នែកសុខាភិបាលកំណត់រយៈពេល១៤ថ្ងៃគឺចាប់ពីថ្ងៃយកសំណាកដំបូងមកធ្វើតេស្ត។
ការដែលយើងអាចប្រកាសបិទបញ្ចប់បាន គឺនៅត្រង់យើងគ្រប់គ្រងបានចំនួនមនុស្សរហូត១.៨០២នាក់ នៅតាមរាជធានីខេត្តចំនួន១១។ដែលមានការពាក់ព័ន្ធការធ្វើតេស្តនិងការធ្វើចត្តាឡីស័កបានត្រឹមត្រូវរយៈពេល១៤ថ្ងៃដែលបញ្ហានេះខ្ញុំបានពិភាក្សាយ៉ាងហ្មត់ចត់ជាមួយរដ្ឋមន្ត្រីនិងថ្នាក់ដឹកនាំនៃក្រសួងសុខាភិបាល។
ប្រតិបត្តិការនៃព្រឹត្តិការណ៍៣វិច្ឆិកាពិតជាធំធេងនឹងស្មុគ្រស្មាញក្នុងការស្វែងរកអ្នកជាប់ពាក់ព័ន្ធព្រោះវាទាក់ទងដល់មនុស្សច្រើននឹងរាជធានីខេត្តស្រុកខ័ណ្ឌក្រុងឃុំសង្កាត់និងភូមិជាច្រើនដែលលំបាកដល់ការស្វែងរក។ប៉ុន្តែដោយការដឹកនាំត្រឹមត្រូវមានការខិតខំមានសាមគ្គីភាពនិងសហការណ៍ល្អយើងអាចធ្វើបានដោយរកឃើញគ្រប់មនុស្សពាក់ព័ន្ធមិនឱ្យបាត់ដានដែលជាមូលហេតុឆ្លងចូលសហគមន៍បង្កជាគ្រោះមហន្តរាយសម្រាប់ប្រជាជនយើង។
បទពិសោធន៍ជោគជ័យរបស់យើងនៅពេលនេះក៏ដូចជាពេលកន្លងមកគឺស្ថិតនៅលើល្បឿននៃការគ្រប់គ្រងសភាពការណ៍ទាន់ពេលនឹងមានកិច្ចសហការពីគ្រប់តួអង្គពាក់ព័ន្ធដើម្បីស្វែងរកមុខសញ្ញាដែលមានការពាក់ព័ន្ធទាំងផ្ទាល់ ទាំងប្រយោលយកសំណាកមកធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។
ឆ្លៀតយកឱកាសនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជំងឺឆ្លងដ៏កាចសាហាវធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ខ្ញុំសូមផ្ញើជូននូវការគោរពនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាវិទ្យាស្ថានជាតិសុខភាពសាធារណដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់។ខ្ញុំក៏សូមអរគុណផងដែរដល់បងប្អូនដែលជាប់ពាក់ព័ន្ធទាំងដោយផ្ទាល់និងដោយប្រយោលដែលបានអត់ធ្មត់រស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃតាមលក្ខខណ្ឌតម្រូវនៃការធ្វើចត្តាឡីសក័។
បងប្អូនជនរួមជាតិជាទីគោរព៖ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាមិនមែនមានន័យថាយើងបញ្ចប់ការខិតខំដើម្បីប្រយុទ្ធជាមួយកូវីដ១៩នោះទេផ្ទុយទៅវិញយើងត្រូវខិតខំច្រើនជាងមុនដើម្បីទប់ស្កាត់ឃាតកលាក់មុខដែលយើងមើលមិនឃើញតាមរយៈការពាក់ម៉ាស់ការលាងដៃការរក្សាគម្លាតសុវត្ថិភាព។ល។
តាមការណែនាំរបស់ក្រសួងសុខាភិបាល។ត្រូវចងចាំថាប្រជាជនក្នុងលោកនិយាយជារួមនឹងប្រជាជនកម្ពុជានិយាយដោយឡែកស្អប់កូវីដ១៩ខ្លាំងណាស់។តែកូវីដ១៩មិនត្រឹមតែមិនស្អប់យើងវិញនោះទេតែវាថែមទាំងស្រឡាញ់យើងទៀតផងដែលការស្រឡាញ់របស់វាមកលើយើងនឹងធ្វើឱ្យយើងស្លាប់ឬខូចខាតសុខភាពតែប៉ុណ្ណោះ។
ត្រូវចងចាំថាការដែលកម្ពុជាមានមនុស្សឆ្លងតិចនឹងមិនមានមនុស្សស្លាប់មិនមែនមកពីយើងមានឈាមជាខ្មែរអង្គរដែលមានឈាមក្រហមពិសេសអាចប្រឆាំងជាមួយកូវីដ១៩បានដូចមនុស្សខ្លះបានអះអាងនោះទេ”។ខ្ញុំសង្ឃឹមថាអ្នកអះអាងបែបនេះនឹងមានសេចក្តីក្លាហានពិតប្រាកដចូលទៅបម្រើអ្នកកើតកូវីដ១៩ដោយមិនមានសម្ភារការពារខ្លួនតើឆ្លងឬមិនឆ្លង?
ដើម្បីបានជាប្រយោជន៍សម្រាប់ការស្រាវជ្រាវវិទ្យាស្ត្រផងនឹងដើម្បីកូនខ្មែរដែលមានឈាមក្រហមពិសេសមិនបាច់ការពារខ្លួនដូចសព្វថ្ងៃផង។ប្រសិនជាអាចធ្វើបានមែនអង្គការសុខភាពពិភពលោកប្រាកដជាប្រកាសទទួលស្គាល់អ្នកថាជាអ្នកវិទ្យាសាស្ត្រដ៏កំពូលគ្មានពីរក្នុងលោក។ឬបានមកពីការកត្តាអាកាសធាតុដែលធ្វើឱយកូវីដ១៩ មិនអាចឆ្លង ចូលបាននោះដែរ។
ជោគជ័យរបស់យើងបានមកពីការខិតខំរួមគ្នាទាំងស្ថាប័នព្រះមហាក្សត្រ ស្ថាប័ននីតិបញ្ញត្តិស្ថាប័ននីតិប្រតិបត្តិដែលមានក្រសួងសុខាភិបាលពិសេសក្រុមគ្រូពេទ្យជាប្រតិបត្តិករដ៏មានប្រសិទ្ធភាពនឹងសំខាន់ជាងទៀត។គឺប្រជាជនកម្ពុជាគ្រប់រូបចូលរួមអនុវត្តន៍នូវវិធានការណ៍ដែលដាក់ចេញដោយរាជរដ្ឋាភិបាលដោយក្រសួងសុខាភិបាលដោយអាជ្ញាធរថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់។ដែលខ្ញុំសុំយកឱកាសនេះសំដែងនូវអំណរគុណចំពោះជនរួមជាតិគ្រប់រូបនឹងថ្លែងអំណរព្រះគុណចំពោះព្រះសង្ឃគ្រប់ព្រះអង្គព្រមទាំងសប្បុរសជនដែលបានចូលរួមជួយជាថវិកាសំភារៈដើម្បីប្រយុទ្ធជាមួយជម្ងឺដ៏កាចសាហាវនេះ។
យើងបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាសំដៅឱយក្រសួងអប់រំយុវជននិងកីឡាក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀននិងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើងវិញព្រមទាំងធ្វើឱ្យសភាពការគ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ។តែការប្រយុទ្ធជាមួយកូវីត-១៩នៅតែជាអាទិភាពនៃការងាររបស់យើងទាំងអស់គ្នាដដែល។
ព្រឹត្តិការណ៍៣វិច្ឆកាបានបង្រៀនយើងបានរំលឹកយើងបានដាស់តឿនយើងនិងបានណែនាំយើងឱយមានការប្រុងប្រយ័ត្នជានិច្ចទើបអាចយកឈ្នះលើកូវីដ១៩បាន។ត្រូវម្ចាស់ការទប់ស្កាត់ជាមុនតាមវិធីការពារប្រសើរជាងការព្យាបាល។សម្ដេចក៏បានសូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចំរើនផងដែរ៕