សកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីចាប់ផ្តើមកម្រើកឡើងទៀតហើយ!
ខេត្តមណ្ឌលគិរី ៖ បទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរីចាប់កម្រើកឡើងទៀតហើយ ជាក់ស្តែងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានមេឈ្មួញធំរកស៊ីឈើដុះស្លែនៅក្នុងភូមិ១០៥ ទឹកដីខេត្តក្រចេះបានធ្វើសកម្មភាពដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតរកស៊ីយ៉ាងអនាធិបតេយ្យ ខណៈដែលប្រជាពលរដ្ឋលើកឡើងថា អ្នកឃុបឃិតបានបើកដៃ គឺជាមន្ត្រីប៉េអឹមមួយរូប។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមឈ្មួញទាំងនោះបានធ្វើសកម្មភាពដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យចេញពីដែនជម្របសត្វព្រៃភ្នំព្រិច តាមច្រកភូមិខ្លុល ក្នុងទឹកដីខេត្តមណ្ឌលគិរី ដែលរួមមាន ៖ ទី១-ឈ្មោះរាម, ទី២-ឈ្មោះញ៉ក់ និងទី៣-ឈ្មោះ អ៊ិម ដោយអ្នកឃុបឃិតបានបើកដៃ គឺជាមន្ត្រីប៉េអឹមឈ្មោះជា វណ្ណៈ ឲ្យបទល្មើចេញយ៉ាងរលូន។
បើតាមការបកស្រាយពីប្រជាពលរដ្ឋរស់នៅភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរីខេត្តក្រចេះបានឲ្យដឹងថា ឈ្មោះ រាម ជាអ្នកកាងឈើចេញពី ដែនជម្របសត្វព្រៃភ្នំព្រិច តាមច្រកភូមិខ្លុល ក្នុងទឹកដីខេត្តមណ្ឌលគិរី ដោយបានបង្គាប់ឲ្យម្ចាស់ម៉ាស៊ីនត្រង់សឺន័រអារឈើបង់លុយក្នុងមួយគ្រឿងចំនួនជាង៣ លានរៀល យកទៅឲ្យឈ្មោះ ជា វណ្ណៈប៉េអឹមខេត្តមណ្ឌលគីរី ដែលកំពុងឈរជើង ដកតុងក្នុងដីក្រុមហ៊ុនម៉ូវីបាយ ត្រង់ចំណុចផ្លូវចូលទៅភូមិសណ្តាយ។
ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋសូមឯកឧត្តមស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី មេត្តាចំណាត់លើមន្រ្តីបរិស្ថានខេត្តផងទាន៕