រយៈពេល១០ខែ ឆ្នាំនេះ កម្ពុជានាំចេញអង្ករទៅអូស្ត្រាលីបានជាង២.៥ម៉ឺនតោន កើនឡើង៥៣%
ខេត្តកំពង់ធំ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២០ កម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេស អូស្ត្រាលី ដែលជាទីផ្សារមានសក្តានុពលផងដែរនោះបានចំនួន ២៥ ៩៩៤ តោន កើនឡើង៥៣% បើប្រៀបធៀបរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩ ដែលមានបរិមាណត្រឹមតែ ១៧ ០២៣តោន។
សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេល១០ខែមកនេះ កម្ពុជាបាននាំអង្ករចេញទៅប្រទេសអូស្រ្តាលីក្នុងបរិមាណ ការកើនឡើងនៃទីផ្សារប្រទេសអូស្រ្តាលីនេះ គឺជាការកើនឡើងមួយដ៏គួរឱ្យកត់សម្គាល់ ជាពិសេសទៅលើប្រភេទអង្ករសរីរាង្គ និងនិរន្តរភាព (SRP)។
នាព្រឹកថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅឯឃ្លាំងស្តុកស្រូវ ឡសម្ងួតស្រូវ និង រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនអេមរុរ៉ាយស៍ ខេត្តកំពង់ធំ ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសហការីនៃអគ្គលេខាធិការដ្ឋានសហព័ន្ធស្រូវអង្ករកម្ពុជា បានទទួលជួបស្វាគមន៍ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងលោក Gary Ellem ប្រធានក្រុមការងារ កម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី (កាវ៉ាក់) និងសហការី ដែលបានអញ្ជើញមកទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា។
ឧកញ៉ាប្រធានសហព័ន្ធបានជំរាបជូនឯកឧត្តមឯកអគ្គរាជទូតអំពីដំណើរការនៃខ្សែសង្វាក់ផលិតកម្មកិនកែច្នៃស្រូវអង្កររបស់អេមរុរ៉ាយស៍ តាមប្រព័ន្ធទំនើបកម្ម និងស្របតាមស្តង់ដារអន្តរជាតិ។ បន្ថែមពីលើនេះ ឯកឧត្តមឯកអគ្គរាជទូត និងសហការី ក៏បានអញ្ជើញទស្សនកិច្ចវាលស្រែបង្ហាញ ពូជផ្កាមាលតីរបស់អេមរុរ៉ាយស៍លើផ្ទៃដី១ហិកតា ដែលទទួលបានការគាំទ្រផ្នែកបច្ចេកទេសពីកម្មវិធីកាវ៉ាក់ផងដែរ។
ឯកឧត្តមឯកអគ្គរាជទូត និងក្រុមការងារ មានការចាប់អារម្មណ៍ខ្ពស់លើខ្សែសង្វាក់ផលិតកម្មកិនកែច្នៃអង្ករ ហើយក៏បានសាទរចំពោះការនាំចេញអង្កររបស់កម្ពុជាទៅកាន់ប្រទេសអូស្រ្តាលី ដែលបាននិងកំពុងបន្តស្ថិតនៅលើផ្លូវវិជ្ជមានផងដែរ។
ឧកញ៉ា ប្រធានសហព័ន្ធ និងលោកអគ្គលេខាធិការសហព័ន្ធ ក៏បានជំរាបជូនក្រុមទស្សនកិច្ចបន្ថែម អំពីស្ថានភាពនៃវិស័យស្រូវអង្ករកម្ពុជា រួមមានទីផ្សារចម្បងៗនៃការនាំចេញអង្ករកម្ពុជា និងឱកាសក្នុងការពង្រីកការនាំចេញអង្កររបស់កម្ពុជា ជាពិសេសទៅកាន់ប្រទេសអូស្រ្តាលី។ នេះជាមោទនភាពមួយដែលរដ្ឋាភិបាលប្រទេសអូស្រ្តាលី បានជួយគាំទ្រដល់វិស័យស្រូវអង្ករកម្ពុជា ដែលធ្វើឱ្យមានការរីក ចម្រើន។ បន្ថែមពីលើការនាំចេញមានការកើនឡើងក៏មានក្រុមហ៊ុននៅប្រទេសអូស្រ្តាលីមួយចំនួនបាននិងកំពុងបន្តការចាប់អារម្មណ៍ វិនិយោគវិស័យលើស្រូវអង្ករនៅកម្ពុជាផងដែរ។ បន្ថែមពីលើការនាំចេញមានការកើនឡើង ក៏មានក្រុមហ៊ុននៅប្រទេសអូស្រ្តាលីមួយចំនួនបាន និងកំពុងបន្តការចាប់អារម្មណ៍វិនិយោគវិស័យលើស្រូវអង្ករ នៅកម្ពុជាផងដែរ។
សូមជម្រាបថា ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា មានចំនួន ៥៣៦ ០៣៥ តោន ដែលមានការកើនឡើង១៧.១១% បើប្រៀបធៀបនឹងរយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩។ ជារួមទឹកប្រាក់សរុប ដែលកម្ពុជាទទួលបានពីការនាំចេញអង្ករក្នុងរយៈពេល១០ខែ មានចំនួន ៣៦៦.៤៤លានដុល្លារ។
ចំពោះទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក ៣៦% បន្ទាប់មកគឺ បណ្តាប្រទេសចំនួន២៧នៅក្នុងទ្វីបអឺរ៉ុបមានចំណែក៣២% ហើយទីផ្សារបន្តបន្ទាប់មានដូចជាបណ្តាប្រទេសជាសមាជិកអាស៊ានចំនួន៦ មានចំណែក១៣% បណ្តាប្រទេសនៅក្នុងទ្វីបអាហ្រិ្វកចំនួន១០ មានចំណែក៩% បណ្តាប្រទេសនៅក្នុងទ្វីបអាស៊ី និងអូសេអានី ជាពិសេសគឺប្រទេសអូស្រ្តាលី និងញូហ្សេឡេន មានចំណែក៦% បណ្តាដែនកោះដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសបារាំង និងអាមេរិក មានចំណែក២% និងចុងក្រោយគឺ បណ្តាប្រទេសនៅក្នុងទ្វីបអាមេរិកខាងជើង និងប្រទេសនៅក្នុងមជ្ឈឹមបូព៌ា មានចំណែក ២%៕