
កញ្ចប់គ្រាប់បែកមួយ ត្រូវបានគេរកឃើញនៅក្បែរ ផ្ទះលោកប៊ីគ្លីនតុន
ទីក្រុងញូវយ៉ក ៖ បើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today
នៅថ្ងៃពុធ ទី២៤ ខែតុលា ឆ្នាំ២០១៨ថា
ប៉ូលិសអាមេរិកបានបើកការស៊ើបអង្កេតលើកញ្ចប់សង្ស័យមួយមានផ្ទុកសារធាតុផ្ទុះ
ដែលត្រូវបានគេប្រទះឃើញនៅក្បែរផ្ទះរបស់អតីតប្រធានាធិបតីអាមេរិក
លោក Bill Clinton និងភរិយារបស់លោក គឺលោកស្រី Hillary Clinton
ក្នុងសង្កាត់ Chappaqua ស្ថិតនៅជាយទីក្រុងញូវយ៉ក នៅថ្ងៃពុធនេះ។
យោងតាមប៉ូលិសអាមេរិក
កញ្ចប់សង្ស័យខាងលើមានផ្ទុកគ្រាប់បែកកែច្នៃ
ដូចគ្នាទៅនឹងគ្រាប់បែកដែលគេបានរកឃើញនៅក្នុង ប្រអប់ទទួលសារ
នៅឯផ្ទះរបស់មហាសេដ្ឋី លោក George Soros កាលពីថ្ងៃចន្ទ។ ក៏ប៉ុន្តែ
ភ្លាមៗមិនទាន់មានការអះអាង ផ្លូវការ ឬក៏ព័ត៌មានលម្អិតនៅឡើយទេ
ខណៈអ្នកជំនាញម្នាក់ដែលបាន ត្រួតពិនិត្យប្រអប់សារនៅឯផ្ទះលោក Bill
Clinton យល់ថា កញ្ចប់សង្ស័យនេះក៏មានលក្ខណៈដូចគ្នា
ទៅនឹងកញ្ចប់ដែលគេផ្ញើទៅកាន់ការិយាល័យអតីតប្រធានានាធិបតីអាមេរិក
លោក បារ៉ាក់ អូបាម៉ា ផងដែរ៕