“ស្ត្រី​ជា​តួយ៉ាង​សំខាន់ ក្នុង​សហគ្រិន នៃ​វិស័យ​ទេសចរណ៍​”

មណ្ឌលគិរីៈ នៅក្នុង​សិក្ខាសាលា​ស្តីពី សហគ្រិន​ស្ត្រី ក្នុង​វិស័យ​ទេសចរណ៍ និង​ការសិក្សា អំពី​សក្តានុពល​ទេសចរណ៍ នៅ​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី កាលពី​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ លោកស្រី ហ៊ុន ដា​នី រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍ថាៈ ” ស្ត្រី​ត្រូវបាន​គេ​ចាត់ទុកថា ជា​តួឯក​យ៉ាងសំខាន់ នៅក្នុង​សហគ្រិន នៃ​វិស័យ​ទេសចរណ៍ត្បិត​ស្ត្រី មាន​ភាពក្លាហាន ក្នុងការ​ចូលរួម​គ្រប់​សកម្មភាព​ផ្សេងៗ ” ។​

​សិក្ខាសាលា​នេះ បានរៀបចំ​ឡើង ក្នុង​គោលបំណង​បង្កើន​សមត្ថភាព ចំណេះដឹង​របស់​មន្ត្រី​ជំនាញ ទទួលបន្ទុក​អនុវត្ត​ការងារ ក្នុង​វិស័យ​ទេសចរណ៍ ឱ្យ​កាន់ តែ​ប្រសើរឡើង ពាក់ព័ន្ធ​ទៅនឹង​សហគ្រិនភាព ព្រមទាំង​តម្រង់ទិស​សហគ្រិន​ស្ត្រី ទៅរក​គំនិត​អាជីវកម្ម​ថ្មី ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ចូលរួម​ស្តារ សេដ្ឋកិច្ចកម្ពុជា ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ។​

​លោកស្រី រដ្ឋលេខាធិការ បានបញ្ជាក់​ថាៈ ស្របតាម​តម្រូវការ សហគ្រិន​ស្ត្រី​អាស៊ាន កម្ពុជា មាន​បេសកកម្ម ក្នុងការ​ពង្រឹងពង្រីក កាលានុវត្តភាព សម្រាប់​ការអភិវឌ្ឍ សហគ្រិនភាព​ស្ត្រី ក្នុង​កម្រិត​ជាតិ តំបន់ និង​អន្តរជាតិ​។ បណ្តាញ​សហគ្រិន​ស្ត្រី នៅ​កម្ពុជា ប្រមូលផ្តុំ​ដោយ តំណាង​សមាគម និង​សហព័ន្ធ តំណាងឱ្យ​ស្ត្រី ក្នុង​វិស័យ​ធុរកិច្ច ដែល​ក្នុងនោះ​ក៏មាន​ស្ត្រី ក្នុង​វិស័យ​ទេសចរណ៍​ផងដែរ​។

ម្យ៉ាងទៀត ដើម្បី​រក្សា​លំនឹង​អាជីវកម្ម ក្នុង​វិស័យ​ទេសចរណ៍ ទន្ទឹមនឹង​គោលការណ៍​នានា របស់​រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ ក្រោម​ការដឹកនាំ របស់លោក​រដ្ឋមន្ត្រី ថោង ខុន បានដាក់​ចេញ នូវ​វិធានការ​ដោយឡែក និង​យុទ្ធសាស្ត្រ​ជាច្រើន ដើម្បី​ស្តារ​ទប់ទល់ និង ត្រៀម​ឱ្យបាន​រួចរាល់ សម្រាប់​លំហូរ​ទេសចរណ៍ ក្រោយ​វិបត្តិ​កូ​វីដ​-១៩ ដែល​ទាមទារ​ឱ្យមាន ការពង្រីក​វិសាលភាព នៃ​ការផ្គត់ផ្គង់ ក្នុង​វិស័យ​ទេសចរណ៍​។​

ដោយឡែក លោកស្រី វិ​ន ស៊ី​ធួន អភិបាលរង​ខេត្ត​មណ្ឌល​គី​រី បានលើកឡើង​ថាៈ ស្ត្រី​បាន​ដើរតួ​យ៉ាងសំខាន់ នៅក្នុង​សហគ្រិន នៃ​វិស័យ​ទេសចរណ៍ ជាពិសេស​ស្ត្រី នឹងមាន​ភាព​អង់អាច​ក្លាហាន ក្នុងការ​ចូលរួម គ្រប់​សកម្មភាព​ផ្សេងៗ ដូចជា ផ្នែក​សង្គមកិច្ច និង​សេដ្ឋកិច្ច ជាដើម។លោកស្រី ក៏បាន​ជំរុញ គាំទ្រ និង​លើកទឹកចិត្ត​ដល់ ស្ត្រី​ក្នុងការ​ចូលរួម គ្រប់​សកម្មភាព​នានា ក្នុងសង្គម ដើម្បី​លើកកម្ពស់ ឧត្តមភាព​ស្ត្រី នៅក្នុង​សង្គម និង​ចូលរួមចំណែក ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ។

​លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តមណ្ឌលគិរី បាន​ឱ្យដឹងថា៖ខេត្តមណ្ឌលគិរី ជា​ខេត្ត​ដែល​ស្ថិតនៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា មាន​សក្តានុពល​ខ្លាំង​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ ដោយឈរលើប្រភពធនធាន”វប្បធម៌ធម្មជាតិនិងអេកូទេសចរណ៍”។

ដែលមានតំបន់ទេសចរណ៍ធម្មជាតិ​ជាច្រើន​ដូចជា​៖​ទឹកជ្រោះ​ប្រកបដោយ​ហ្វូង​មច្ឆា​ជាច្រើន​ប្រភេទ ព្រមទាំង​រុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង ភ្នំ​តូច ធំ​ជាច្រើន ចម្ការ​ស្រល់​ដែលជា​ជម្រក​សត្វព្រៃ និង​ភូមិ​ជនជាតិភាគតិច​ជាដើម​។​ព្រម​ជាមួយនេះ ខេត្តមណ្ឌលគិរី ក៏មាន​សន្តិសុខ និង​សុវត្ថិ​ភាពល្អ​ផងដែរ ដែល​ភ្ញៀវទេសចរ​អាចមក​កម្សាន្ត​បាន​គ្រប់ពេលវេលា និង​គ្រប់​រដូវ​កាល​៕